Wednesday, April 29, 2015

Sunday, April 26, 2015

បញ្ចូលអត្ថបទ ៖ អប្សរា ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០១៥ ម៉ោង ០៩:១៧ រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​​ហ៊្វុន​ស៊ិ​ន​ប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​ឲ្យ​មានការ​រួបរួម​គ្នា រវាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង គណបក្ស​​ហ៊្វុន​ស៊ិ​ន​ប៉ិច ដោយ​ធ្វើ​រាជរដ្ឋាភិបាល​មួយ​ទាំងអស់​គ្នា ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ។ សម្តេចក្រុមព្រះ មាន​បន្ទូល​បែប​នេះ បន្ទាប់​ពី​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​គណបក្ស​យាង​និវត្តន៍​មក​ពី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​តាម​ការ​យាង​របស់​គណបក្ស​កុម្មុយនីស្ត​ចិន កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន សម្តេចក្រុមព្រះ​បញ្ជាក់​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើការ​ក្នុង​រាជរដ្ឋាភិបាល​នោះ ជា​សិទ្ធិ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើ​ធ្វើ​បាន​មែន​នោះ ក្នុង​នាម​ជា​គណបក្ស​ដៃគូ ព្រះ​អង្គ​សូម​គាំទ្រ ។ ប៉ុន្តែ​យ៉ាងណា ព្រះ​អង្គ​ថា នេះ​ជា​ព្រះរាជ​បំណង​របស់​អង្គ​សម្តេចឪ តាំងពី​ឆ្នាំ​២០០២-២០០៣​មក​ម្ល៉េះ ដែល​ទ្រង់​ចង់​ឲ្យ​មានការ​រួបរួម​គ្នា​ជា​កម្លាំង​មហា​គ្រួសារ​ខ្មែរ​មួយ ដើម្បី​កសាង​ប្រទេស​ជាតិ ពេល​នោះ​លោក សម រ​ង្ស៊ី ក៏​បាន​ឯកភាព​រួច​ហើយ​ដែរ តែ​ក្រោយមក​លោក​បាន​ក្រឡាស់​វិញ​» ។ ព្រះ​អង្គ​មាន​បន្ទូល​ទៀត​ថា ទាក់ទិន​នឹង​រឿង​លោក ម៉​ម សូណ​ង់​ដូ ចង់​បង្កើត​គណបក្សប្រឆាំង​ថ្មី​មួយទៀត ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាព​ផ្អែមល្ហែម​ល្អូក​ល្អឺ​ន​ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នោះ សម្តេចក្រុមព្រះ​មាន​បន្ទូល​ថា នេះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ​ទេ ។ ប៉ុន្តែ​បើ​លោក​ម៉​ម សូណ​ង់​ដូ ចង់​ធ្វើ​គណបក្សប្រឆាំង​មែន​នោះ ហើយ​លោក សម រ​ង្ស៊ី ក្តី គណបក្ស​ប្រជាជន​កម្ពុជា​ក្តី គណបក្ស​​ហ៊្វុន​ស៊ិ​ន​ប៉ិច​ក្តី ធ្វើ​រាជរដ្ឋាភិបាល​មួយ​ទាំងអស់​គ្នា ព្រះ​អង្គ​សូម​គាំទ្រ​ពេញទំហឹង ហើយ​នេះ​ជា​ព្រះរាជ​បណ្តាំ​ចុង​ក្រោយ​របស់​សម្តេចឪ ក៏​ដូច​ជា​បំណងប្រាថ្នា​ដ៏​ទទូច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ផង​ដែរ ដែល​មិន​ចង់​ឃើញ​ខ្មែរ​ឈ្លោះ​ទាស់ទែង​គ្នា​តទៅ​ទៀត​នោះ ។ ចំណែក​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​វិញ សម្តេចក្រុមព្រះ​មាន​បន្ទូល​ថា ថ្ងៃ​ដំបូង​ព្រះ​អង្គ​យាង​ដឹកនាំ​ប្រតិភូ​ទៅ​ថ្វាយបង្គំ​គាល់​សម្តេចម៉ែ និង​ព្រះករុណា ដែល​គង់នៅ​ព្យាបាល​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េ​កាំ​ង ។ ព្រះ​អង្គ​ទទួល​បាន​ដំណឹង និង​មើលឃើញ​ថា ព្រះ​អង្គ​ទាំង​ទ្វេ​មាន​ព្រះរាជ​សុខភាព​ល្អ ដោយសារ​តែ​មានការ​មើលថែ និង​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​របស់​ប្រទេស​ចិន​ជា​មិត្ត ។ នៅ​ថ្ងៃ​បន្ទាប់ គណៈប្រតិភូ​គណបក្ស​​ហ៊្វុន​ស៊ិ​ន​ប៉ិច ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ការ​បរទេស​ចិន ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​រវាង​គណបក្ស​ទាំង​ពីរ ។ ពេល​នោះ​គណបក្ស​កុម្មុយនីស្ត​ចិន បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​គណបក្ស​​ហ៊្វុន​ស៊ិ​ន​ប៉ិច ពិសេស​វត្តមាន​ដឹកនាំ​ជា​ថ្មី​របស់​ព្រះ​អង្គ ។ ជាមួយ​គ្នា​នេះ ព្រះ​អង្គ​បាន​ធ្វើ​សំណូមពរ​មួយ​ចំនួន​ទៅ​មិត្ត​ចិន ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា មុន​ពេល​ចេញដំណើរ​មក​វិញ មិត្ត​ចិន​បាន​ឆ្លើយ​តប​វិញ​ដោយ​ភាព​រីករាយ និង​ស្វាគមន៍​ចំពោះ​សំណូមពរ​ទាំងនោះ​។ សម្តេចក្រុមព្រះ​បន្ត​ថា ក្នុង​ពេល​ស្នាក់​នៅ​ប្រទេស​ចិន​ប៉ុ​ន្មា​ថ្ងៃ​នោះ ព្រះ​អង្គ​បាន​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​ចិន ខណៈ​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ។ យើង​បាន​ជជែក​គ្នា​រយៈពេល​ជាង​១​ម៉ោង ហើយ​លោក​បាន​គាំទ្រ​ដែល​ព្រះ​អង្គ​មក​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិ​ន​ប៉ិច​ជា​ថ្មី ដោយ​លោក​មាន​ជំនឿ​ថា ​ហ៊្វុន​ស៊ិ​ន​ប៉ិច​ជា​ដៃគូ​នេះ​នឹង​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ពេញចិត្ត ។ ទន្ទឹម​នោះ​ព្រះ​អង្គ​បាន​ជម្រាប​ជូន​វិញ​ថា របប​រាជា​និយម​ដែល សម្តេច ហ៊ុន សែន និង​ព្រះ​អង្គ​បាន​នាំ​មក​វិញ​នេះ​ប្រៀប​ដូច​ជា​ខ្លួន​មនុស្ស​អ៊ីចឹ​ង ត្រូវការ​ជើង​២ គឺថា ជើង​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ច្បាស់​ណាស់ លោក​បាន​គាំទ្រ ហើយ​ជើង​មួយទៀត គឺ​គណបក្ស​​ហ៊្វុនស៊ិ​ន​ប៉ិច ដែល​មានព្រះអង្គ​ជា​អ្នកដឹកនាំ​នេះ ហើយ​ព្រះ​អង្គ​នឹង​ខិតខំ​កែប្រែ​ឲ្យ​មាន​កិត្យានុភាព​ខ្លាំង​ឡើង​វិញ ក្លាយទៅជា​កម្លាំង​ជាតិ និង​បូក​ជាមួយ​កម្លាំង​ជាតិ​មួយទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ។ សម្តេចក្រុមព្រះ​សង្កត់ធ្ងន់​ថា កន្លង មក ទោះជា​ព្រះ​អង្គ​មិន​បាន​ដឹកនាំ​គណបក្ស​នេះជាង​៩​ឆ្នាំ​ក៏​ដោយ ក៏​បក្ស​កុម្មុយនីស្ត​ចិន​តែងតែ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារ និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ពិសេស​មន្ត្រី​វ័យក្មេង​របស់​យើង ។ ព្រះ​អង្គ​សុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច បញ្ជូនមន្ត្រី​វ័យក្មេង​ទៅ​រៀន​ជាមួយ​គ្នា​នៅ​ប្រទេស​ចិន​ដើម្បី​បង្កើន​ធនធានមនុស្ស ៕
ដោយ ៖ វ៉ា វឌ្ឍនៈ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០១៥ ម៉ោង ០៩:០៤ រាជធានីភ្នំពេញ​ ៖ អនុប្រធានទី១រដ្ឋសភា​ លោក កឹម សុខា ​បានមានប្រសាសន៍ថា​ " ខ្ញុំមិនចាប់អារម្មណ៍​នឹងការដកអភ័យឯកសិទ្ឋិ ​ឬ ចាប់ខ្លួននោះទេ" ។លោកអនុប្រធាន​គណបក្សសង្គ្រោះជាតិ​មានប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅ​ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ ​វេលាម៉ោងប្រមាណ​១១​យប់​ថ្ងៃទី២៥ ​មីនា ២០១៥​ ​បន្ទាប់ពីលោក​បានបញ្ចប់បេសកកម្ម​នៅសហរដ្ឋអាមេរិក ។ បើតាមលោក​ កឹម សុខា ​បេសកកម្មរបស់​លោកនៅអាមេរិកគឺ​ដើម្បីពន្យល់និងលើកឡើង​ពីការវិវត្តនយោបាយ​នៅកម្ពុជាជូនសកម្មជន និង អ្នកគំាទ្រ ហើយថា​ក្នុងដំណើរទស្សន​កិច្ចនេះដែរ ​លោកបានជួបអនុរដ្ឋមន្រ្តីការបរទេស ​សមាជិកព្រឹទ្ឋសភា​ រដ្ឋសភាអាមេរិក ​និងជួបពលរដ្ឋខ្មែរ​ក្នុងរដ្ឋចំនួន៧ ។ ជាការកត់​សម្គាល់ការលើកឡើង​របស់លោកអនុប្រធាន​គណបក្សប្រឆាំងខាងលើនេះដែរ ​បានធ្វើឡើងបន្ទាប់ពី​សម្តេចតេជោ ​ហ៊ុន សែន​ កាលពីសបា្កហ៍​មុនបានព្រមាន​ចាត់វិធានការច្បាប់​លើឥស្សរជនណា​ដែលប៉ុនប៉ង​ផ្តួលរំលំរាជរដ្ឋាភិបាល ​ហើយដែលការព្រមាននេះ​ ​ត្រូវបានគេគិតថាសំដៅដល់លោក កឹម សុខា​នោះ ៕
លោក​អូ​បា​ម៉ា​សុំ​ទោស​ហើយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​សម្លាប់​ចំណាប់ខ្មាំង​អាល់​កៃ​ដា​2​នាក់ បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០១៥ ម៉ោង ១៣:៥៤ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា លោក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​សម្លាប់​ដោយ​ចៃដន្យ​នូវ​ចំណាប់ខ្មាំង​អាល់​កៃ​ដា​២​នាក់​ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​កាលពី​ខែមករា​កន្លង​មកនេះ​ប្រឆាំង​អាល់​កៃ​ដា ។ នៅ​មុខ​សារព័ត៌មាន​លោក​អូ​បា​ម៉ា​គ​គូសបញ្ជាក់​ថា ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​និង​ជា​អគ្គមេបញ្ជាការ​ខ្ញុំ​សូម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​រាល់​ប្រតិបត្តិការ​របស់​យើង​ប្រឆាំង​ភេរវកម្ម​ក្នុង​នោះ​រួម​មាន​ប្រតិបត្តិការ​មួយ​សម្លាប់​ដោយ​ចៃដន្យ​ចំណាប់ខ្មាំង​២​នាក់​លោក WARREN WEISTEIN និង​លោក​GIOVANNI LO PORTO ។ ខ្ញុំ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​និង​សុំ​ទោស​ចំពោះ​អ្វី​ដែល​កើតឡើង ។ មុន​នេះ សេចក្តី​ប្រកាស​មួយ​របស់​សេត​វិមាន​លាតត្រដាង​ថា​ប្រតិបត្តិការ​មួយ​ប្រឆាំង​ភេរវកម្ម​កាលពី​ខែមករា របស់​សហរដ្ឋអាមេរិក​បាន​សម្លាប់​ចំណាប់​ខ្មាំង​២​នាក់​ដែល​ឃុំ​ទុក​ដោយ​អាល់​កៃ​ដា​ក្នុង​តំបន់​ព្រំដែន​ប៉ា​គី​ស្ថាន​-​អា​ហ្វ​ហ្គា​នី​ស្ថាន ។ យោង​តាម​សេចក្តី​ប្រកាស​នោះ​ថា លោក WEISTEIN ជា​ជន​ជាតិ​​អា​មេ​រិ​ក​ម្នាក់​ជាប់​ជា​ចំណាប់ខ្មាំង​ចាប់តាំងពី​ឆ្នាំ​២០១១​មក និង​លោក LO PORTO ជនជាតិ​អុ​ី​តា​លី​ជាប់​ជា​ចំណាប់ខ្មាំង​តាំងពី​ឆ្នាំ​២០១២ ៕